កាលបរិច្ឆេទ: ១០ មករា ២០២៤ / កសិកម្ម / Author : Veng Thavong
ព្រឹត្តិការណ៍ «Showcase ! 2023» រៀបចំឡើងកាលពីខែវិច្ឆិកា នៅទីក្រុងឡុងប៊ិចដោយសភាពាណិជ្ជកម្មកម្ពុជានៃរដ្ឋកាលីហ្វញ៉ា គឺជាឱកាសដ៏ល្អសម្រាប់ក្រុមហ៊ុនខនហ្វីរេលដើម្បីធ្វើតេស្តចំណាប់អារម្មណ៍របស់អ្នកប្រើប្រាស់ជនជាតិអាមេរិកាំងចំពោះផលិតផលរបស់ខ្លួន និងដើម្បីបង្កើតចំណងទាក់ទងជាមួយក្រុមហ៊ុនទាំងឡាយណាដែលអាចក្លាយជាអ្នកចែកចាយផលិតផលរបស់ខ្លួន។ ខាងក្រោមនេះគឺជាបទសម្ភាសន៍ជាមួយលោកសាន មនោ នាយកទីផ្សារនៃក្រុមហ៊ុនខនហ្វីរេល ជុំវិញមូលហេតុនៃវត្តមានរបស់ក្រុមហ៊ុនក្នុងព្រឹត្តិការណ៍នេះ :
លោកអាចរៀបរាប់ពីដំណើរដើមទងដែលនាំឲ្យក្រុមហ៊ុនចូលរួមក្នុងព្រឹត្តិការណ៍ «Showcase ! 2023» បានទេ?
មានក្រុមហ៊ុនខ្មែរទាំងអស់ចំនួន១៥ ដែលត្រូវបានគេអញ្ជើញឲ្យចូលរួមក្នុងពិព័រណ៍នេះ។ គោលបំណងទីមួយនៃការរៀបចំព្រឹត្តិការណ៍នេះឡើងគឺ ដើម្បីបង្កើនការចែកចាយផលិតផលខ្មែរនៅលើទីផ្សារអាមេរិក។ ដូច្នេះ អ្នករៀបចំកម្មវិធីធ្វើការអញ្ជើញតែក្រុមហ៊ុនខ្មែរណាដែលបានត្រៀមខ្លួនសម្រាប់នាំចេញផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារមួយនេះ ប៉ុន្តែជាជាក់ស្តែងមានតែក្រុមហ៊ុន៤ប៉ុណ្ណោះ ក្នុងនោះក៏មានក្រុមហ៊ុនខនហ្វីរេលផងដែរក្នុងចំណោមក្រុមហ៊ុនទាំង១៥ ដែលមានវត្តមាននៅទីនេះ ដែលពិតជាបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការនាំចេញនេះមែន។
បានត្រៀមខ្លួនរួចជាស្រេចមានន័យថា បានផលិតនូវផលិតផលដែលមានគុណភាពឆ្លើយតបទៅនឹងស្តង់ដាររបស់អាមេរិក និងមានសមត្ថភាពអាចផ្គត់ផ្គង់ទីផ្សារបាន។
តើអ្វីទៅជាគោលបំណងចម្បងរបស់លោកដែលជំរុញឲ្យលោកមានវត្តមាននៅទីក្រុងឡុងប៊ិច?
ដូចលោកដឹងស្រាប់ហើយ ទីក្រុងឡុងប៊ិចមានជនជាតិអាមេរិកាំងដើមកំណើតខ្មែរច្រើនណាស់។ គ្រាន់តែនៅទីក្រុងឡុងប៊ិចមួយមានជនជាតិខ្មែររស់នៅជិតពីរម៉ឺននាក់ទៅហើយ ហើយនៅមានច្រើនជាងនេះទៀតនៅតាមទីក្រុងផ្សេងៗក្បែរៗនោះ ជាពិសេសនៅទីក្រុង Cerritos ទីក្រុង Signal Hill និង ទីក្រុង Bellflower។ សរុបទាំងអស់ មានជនជាតិខ្មែរសញ្ជាតិអាមេរិកាំងជិត១០ម៉ឺននាក់ ដែលរស់នៅតាមទីក្រុងទាំងអស់នេះ។ យើងប្រាកដក្នុងចិត្តណាស់ថាពួកគេចង់ឃើញផលិតផលផលិតនៅស្រុកខ្មែរ។ អ៊ីចឹងហើយបានជាយើងមានវត្តមាននៅពេលនេះដើម្បីទាក់ទាញពួកគេ។
លោកគិតថាលោកអាចសម្រេចគោលបំណងនេះបានទេ?
ខ្ញុំគិតថាក្នុងចំណោមផលិតផលទាំងអស់ដែលដាក់តាំងបង្ហាញដោយក្រុមហ៊ុនទាំង១៥ ផលិតផលរបស់ក្រុមហ៊ុនយើងស្ថិតនៅក្នុងចំណោមផលិតផលដែលទទួលបានចំណាប់អារម្មណ៍ខ្លាំងជាងគេ។ វាមានមូលហេតុពីរ។ ទីមួយគឺការវេចខ្ចប់ដែលគួរឲ្យទាក់ទាញ និងទីពីរ គឺវិញ្ញាបនបត្រសរីរាង្គសម្រាប់ទីផ្សារអាមេរិកកំាង។ សម្រាប់ជនជាតិខ្មែររស់នៅឯនាយសមុទ្រ ពេលដែលឃើញផលិតផលដែលមានគុណភាពស្តង់ដារអន្តរជាតិបែបនេះផលិតនៅស្រុកខ្មែរ ធ្វើឲ្យពួកគេមានការភ្ញាក់ផ្អើលមែនទែន។ យើងបាននាំយកម្សៅប្រហុក Kiril និងផលិតផលផ្សេងៗទៀត ដើម្បីដាក់តាំងបង្ហាញ ហើយផលិតផលមួយនេះក៏ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងផងដែរពីសំណាក់អាណិកជនខ្មែរនៅទីនោះ។ ភាគច្រើនបានប្រាប់យើងឲ្យដឹងថា បើពួកគេអាចរកទិញផលិតផលរបស់យើងបាននៅសហរដ្ឋអមេរិក នោះពួកគេពិតជាមានអារម្មណ៍ថា ហាក់ដូចជាកំពុងតែរស់នៅក្នុងស្រុកកំណើតរបស់ខ្លួនអ៊ីចឹងដែរ នៅពេលដែលពួកគេបរិភោគផលិតផលខ្មែរដែលផលិតដោយជនជាតិខ្មែរផ្ទាល់។
តើជនជាតិអាមេរិកកាំងដែលមិនមានដើមកំណើតខ្មែរមានចំណាប់អារម្មណ៍ដូចគ្នាដែរឬទេ?
បាទ ពួកគេភាគច្រើនបានប្រាប់ថា ពួកគេពិតជាចាប់អារម្មណ៍មែន ព្រោះថា ពួកគេមានទម្លាប់ប្រើប្រាស់ផលិតផលអាស៊ី។ ពួកគេបានសួរសំណួរជាច្រើនទាក់ទងនឹងស្ករត្នោតសរីរាង្គរបស់យើង ឧទាហរណ៍ដូចជា តើស្ករត្នោតរបស់យើងខុសពីស្ករត្នោតមកពីប្រទេសឥណ្ឌានៅត្រង់ណា? ។ល។ និង។ល។
ជនជាតិខ្មែរសញ្ជាតិអាមេរិកកាំងចាប់អារម្មណ៍ជាដំបូងលើរសជាតិ និងក្លិនរបស់ផលិតផលយើង។ ចំណែកឯភ្ញៀវផ្សេងទៀតចាប់អារម្មណ៍លើការវេចខ្ចប់ និងវិញ្ញាបនបត្រសរីរាង្គ។ នៅពេលដែលយើងពន្យល់ប្រាប់ទៅភ្ញៀវដែលមិនមែនជាជនជាតិខ្មែរថា ផលិតផលរបស់ក្រុមហ៊ុនយើងត្រូវបាននាំចេញតាំងពីយូរឆ្នាំមកហើយទៅកាន់ប្រទេសជប៉ុន ប្រទេសកូរ៉េខាងត្បូង និងប្រទេសចិនជាដើមនោះ ស្រាប់តែពួកគាត់ភ្ញាក់ផ្អើលបង្ហាញពីចំណាប់អារម្មណ៍របស់ពួកគាត់ទៅលើផលិតផលយើង។ ក្នុងចំណោមភ្ញៀវទាំងនោះ ភាគច្រើនជាក្រុមហ៊ុនលក់ដុំ ឬក្រុមហ៊ុនចែកចាយធំៗ ដែលមកចូលរួមពិព័រណ៍នេះដោយមានគោលបំណងមួយជាក់លាក់ និងបានសួរនាំយ៉ាងច្រើនទាក់ទងនឹងប្រវត្តិរបស់ក្រុមហ៊ុនយើង ពីស្ថាបនិកក្រុមហ៊ុន ពីអតិថិជននាំចេញរបស់យើងជាដើម។
តើផលិតផលរបស់ក្រុមហ៊ុនខនហ្វីរេលណាខ្លះដែលភ្ញៀវចូលចិត្តជាងគេ?
ជនជាតិខ្មែរនៅឯនាយសមុទ្រចូលចិត្តទាំងអស់។ រីឯភ្ញៀវផ្សេងទៀតចូលចិត្តជាងគេម្រេច និងជាពិសេសទឹកជ្រលក់ម្រេចម៉ាកគីរម្យដែលត្រូវនឹងម្ហូបសាឡាដ៍ ឬ
សាច់អាំង។
តើពិព័រណ៍នេះជាឱកាសអាចឲ្យក្រុមហ៊ុនខនហ្វីរេលទទួលបានការជជែកពិភាក្សាជុំវិញកិច្ចសន្យាធ្វើជំនួញជាមួយអនាគតដៃគូពាណិជ្ជកម្មដែរឬទេ?
នៅក្នុងឱកាសនេះដែរ យើងបានជួបពិភាក្សាជាមួយក្រុមហ៊ុនចំនួន៦នៅរដ្ឋកាលីហ្វញ៉ា និងទីក្រុងស៊ីកាហ្គោ។ ភ្ញៀវខ្លះចង់មកស្រុកខ្មែរដើម្បីទស្សនាចម្ការ និងរោងចក្ររបស់យើងទៀតផង៕